តើសេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺជាអ្វី?


សំណួរ: តើសេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺជាអ្វី?

ចម្លើយ:
សេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺជាសេចក្តីអធិស្ឋានមួយដែលមនុស្សម្នាក់អធិស្ឋាន ពេលពួកគេដឹងថា ពួកគេជាមនុស្សមានបាប ហើយត្រូវការអ្នកសង្គ្រោះ។ ការនិយាយសេចក្តីអធិស្ឋានរបស់មនុស្សមានបាបមិនបានសម្រេចអ្វីតាមរយៈសេចក្តីអធិស្ឋាននោះទេ។ សេចក្តីអធិស្ឋានរបស់មនុស្សមានបាបអាចមានប្រសិទ្ធភាពបានតែមួយគត់ ប្រសិនបើវាជាការបង្ហាញយ៉ាងស្មោះនូវអ្វីដែលអ្នកនោះដឹង យល់ និងជឿ ទាក់ទងនឹងបាបរបស់ពួកគេ ហើយត្រូវការសេចក្តីសង្គ្រោះ។

ផ្នែកមួយនៃសេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺ យល់ថាយើងគ្រប់គ្នាជាមនុស្សមានបាប។ រ៉ូម ៣:១០ ថ្លែងថា៖ «ដូចមានសេចក្ដីចែងទុកមកថា៖ «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង»។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា យើងគ្រប់គ្នាមានបាប។ យើងគ្រប់គ្នាជាមនុស្សមានបាប ត្រូវការព្រះគុណ និងការអត់ទោសពីព្រះ (ទីតុស ៣:៥-៧)។ ដោយសារបាបរបស់យើង យើងសមនឹងទទួលទោសអស់កល្បជានិច្ច (ម៉ាថាយ ២៥:៤៦)។ សេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺជាការទូលអង្វរសូមព្រះគុណ ជំនួសឱ្យការជំនុំជម្រះ។ វាគឺជាការទូលសូមព្រះគុណ ជំនួសឱ្យសេចក្ដីក្រោធ។

ផ្នែកទីពីរនៃសេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺការស្គាល់ថាព្រះបានធ្វើការ ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពនៃការវង្វេង និងអំពើបាបរបស់យើង។ ព្រះអង្គបានត្រឡប់ជាសាច់ឈាម ហើយយកជាតិជាមនុស្ស ក្នុងនាមជាព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ១:១,១៤)។ ព្រះយេស៊ូវបានបង្រៀនយើងពីសេចក្តីពិតអំពីព្រះជាម្ចាស់ និងជីវិតដ៏គ្រប់លក្ខណ៍សុចរិត និងជីវិតដែលគ្មានបាប (យ៉ូហាន ៨:៤៦; ២ កូរិនថូស ៥:២១)។ បន្ទាប់មក ព្រះយេស៊ូវបានសុគតលើឈើឆ្កាងជំនួសយើង បាន ទទួលការជំនុំជម្រះដែលយើងសមនឹងទទួល (រ៉ូម ៥:៨)។ ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ ដើម្បីបង្ហាញថា ព្រះអង្គ មានជ័យជម្នះលើអំពើបាប លើសេចក្តីស្លាប់ និងលើស្ថាននរក (កូឡូស ២:១៥; ១ កូរិនថូស ១៥)។ ដោយសារការទាំងនេះ យើងអាចបានទទួលការអត់ទោសបាប និងបានទទួលសេចក្តីសន្យាថានឹងបានផ្ទះដ៏នូវអស់កល្បជានិច្ចនៅស្ថានសួគ៌ដែរ ប្រសិនបើយើងគ្រាន់តែជឿលើព្រះយេស៊ូវគ្រីស្ទ។ អ្វីដែលយើងត្រូវធ្វើគឺជឿថាព្រះអង្គសុគតជំនួសយើង ហើយរស់ពីស្លាប់ឡើងវិញ (រ៉ូម ១០:៩-១០)។ យើងបានសង្គ្រោះដោយសារព្រះគុណតែមួយ ជំនឿតែមួយ នៅលើព្រះយេស៊ូវតែមួយ។ អេភេសូរ ២:៨ ថ្លែងថា «ដ្បិតគឺដោយព្រះ‌គុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយ‌សារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ»។

ការនិយាយសេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺជាការប្រកាសចំពោះព្រះថា អ្នកទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់អ្នក។ គ្មានពាក្យ «វេទមន្ត» អ្វី ដែលនាំឱ្យបានសង្គ្រោះនោះទេ។ ដោយសារជំនឿនៅលើការសុគត និងការរស់ឡើងវិញតែមួយគត់ ទើបអាចសង្គ្រោះយើងបាន។ ប្រសិនបើអ្នកដឹងថា អ្នកជាមនុស្សមានបាប ហើយត្រូវការសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ នេះគឺជាសេចក្តីអធិស្ឋានរបស់មនុស្សមានបាប អ្នកអាចអធិស្ឋានទៅព្រះ៖ «ព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា ទូលបង្គំជាមនុស្សមានបាប។ ទូលបង្គំដឹងថា ទូលបង្គំសមនឹងទទួលផលនៃអំពើបាបរបស់ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ទូលបង្គំ។ ទូលបង្គំជឿថា ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គបានផ្តល់ការអត់ទោសដល់ទូលបង្គំ។ ទូលបង្គំទុកចិត្តលើព្រះយេស៊ូវ ហើយព្រះយេស៊ូវតែមួយគត់ជា ព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ។ អរគុណព្រះអម្ចាស់ដែលសង្គ្រោះទូលបង្គំ និងអត់ទោសដល់ទូលបង្គំ! អាមែន!»

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើសេចក្តីអធិស្ឋានរបស់មនុស្សមានបាបគឺជាអ្វី?