សំណួរ
តើអ្វីទៅជាអត្ថន័យនៃជីវិត?
ចម្លើយ
តើអ្វីទៅជាអត្ថន័យនៃជីវិត? តើអាចរកគោលបំណង ការបានសម្រេច និងការស្កប់ស្កល់នៅក្នុងជីវិតបានយ៉ាងដូចម្តេច? តើអ្វីមួយដែលសំខាន់បំផុតចុងក្រោយអាចបានសម្រេចយ៉ាងដូចម្តេច? មានមនុស្សជាច្រើនមិនអាចឈប់គិតពីសំណួរដ៏សំខាន់នេះទេ។ ពួកគេសំឡឹងទៅក្រោយជាច្រើនឆ្នាំ ហើយឆ្ងល់ថា ហេតុអ្វីបានជាទំនាក់ទំនងរបស់ពួកគេបែកបាក់ ហើយហេតុអ្វីបានជាពួកគេមានអារម្មណ៍ថាគ្មានអ្វីទាំងអស់ដូច្នេះ ទោះបីជាពួកគេបានសម្រេចអ្វីដែលពួកគេបានរៀបចំដើម្បីឱ្យបានសម្រេចក្តី។ ម្ដងនោះមានគេសួរអត្តពលករម្នាក់ដែលបានទៅដល់ចំណុចកំពូលក្នុងផ្នែកកីឡារបស់គាត់ថា នៅពេលដែលគាត់ចាប់ផ្តើមលេងកីឡារបស់គាត់នោះ តើគាត់ចង់ឱ្យគេផ្តល់យោបល់ដល់គាត់ដូចម្តេចខ្លះ? គាត់បានឆ្លើយថា៖ «ខ្ញុំចង់ឱ្យមានគេប្រាប់ខ្ញុំថា នៅពេលដែលខ្ញុំទៅដល់ចំណុចកំពូលនោះ គ្មានអ្វីនៅទីនោះទេ»។ គោលដៅជាច្រើនបានបង្ហាញថាគ្មានអ្វីសោះ បន្ទាប់ពីគេបានដេញតាមអស់រយៈពេលជាច្រើនឆ្នាំឥតប្រយោជន៍។
នៅក្នុងវប្បធម៌របស់មនុស្សជាតិយើង មនុស្សមើលមិនឃើញពីអត្ថន័យនៃជីវិត។ ពួកគេដេញតាមការជាច្រើន ដោយគិតថា នៅក្នុងកិច្ចការនោះ ពួកគេអាចរកបានអត្ថន័យ និងគោលបំណងនៃជីវិត។ ការដេញតាមទាំងនេះ រួមមានការជោគជ័យផ្នែកជំនួញ ទ្រព្យសម្បត្តិ ទំនាក់ទំនងល្អ ផ្លូវភេទ ការកម្សាន្ត និងការធ្វើការល្អដល់អ្នកផ្សេងទៀត។ មនុស្សស្កប់ស្កល់នឹងការនោះ នៅពេលពួកគេបានសម្រេចគោលបំណងនៃទ្រព្យសម្បត្តិ ទំនាក់ទំនង និងភាពរីករាយ ប៉ុន្តែ នៅតែមានសំឡេងយ៉ាងជ្រៅនូវអារម្មណ៍ទទេនៅខាងក្នុង ដែលហាក់បីដូចជាគ្មានអ្វីអាចបំពេញបានទេ។
អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាបានដេញតាមរកអត្ថន័យនៃជីវិតតាមរបៀបឥតប្រយោជន៍ជាច្រើន។ គាត់បានរៀបរាប់ពីអារម្មណ៍ទទេដែលគាត់មានថា៖ «ការឥតប្រយោជន៍ទទេៗ» …ពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេ» (សាស្តា ១:២)។ ស្តេចសាឡូម៉ូន ជាអ្នកនិពន្ធរបស់កណ្ឌគម្ពីរសាស្តា មានទ្រព្យសម្បត្តិមិនអាចរាប់អស់ ប្រាជ្ញាលើសជាងមនុស្សនៅក្នុងសម័យរបស់ទ្រង់ ឬក្នុងសម័យរបស់យើង ទ្រង់មានស្រីស្នំរាប់រយនាក់ មានវាំង និងសួនច្បារដែលអាណាចក្រផ្សេងច្រណែន ទ្រង់មានអាហារ និងស្រាដ៏ល្អបំផុត ហើយមានការកម្សាន្តគ្រប់ប្រភេទ។ ដល់ចំណុចទ្រង់មានបន្ទូលថា ទ្រង់បានដេញតាមអ្វីៗដែលដួងចិត្តរបស់ទ្រង់ចង់បាន (សាស្តា ២:១០)។ ហើយទ្រង់បានសង្ខេបពីជីវិតដែលនៅ «ក្រោយថ្ងៃ» ថាជីវិតដែលរស់នៅ ជាមួយនឹងអ្វីដែលយើងមើលឃើញគ្រប់យ៉ាងនេះ គឺជាបទពិសោធន៍នៅក្នុងញាណរបស់យើង គ្រប់យ៉ាងគ្មានន័យទេ។ តើអ្វីពន្យល់ពីភាពទទេនេះ? ព្រះជាម្ចាស់បានបង្កើតយើងមក សម្រាប់អ្វីដែលលើសពីអ្វីដែលយើងអាចមានបទពិសោធន៍ជាមួយនៅទីនេះ និងនៅពេលនេះ។ សេ្តចសាឡូម៉ូនមានរាជឱង្ការពីព្រះជាម្ចាស់ថា៖ «…ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ…» (សាស្តា ៣:១១)។ នៅក្នុងចិត្តរបស់យើង យើងដឹងពីការនេះថា «នៅទីនេះ និងនៅពេលនេះ» មិនមែនមានគ្រប់ទាំងអស់ទេ។
នៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ យើងបានរកឃើញតម្រុយទៅកាន់ អត្ថន័យនៃជីវិតនៅក្នុងធាតុពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ក្នុងរូបអង្គទ្រង់ (លោកុប្បត្តិ ១:២៦)។ នេះមានន័យថា យើងមានលក្ខណៈដូចព្រះជាម្ចាស់ ច្រើនជាងដូចអ្វីផ្សេងទៀត មុនពេលដែលមនុស្សលោកធ្លាក់ចុះ ហើយត្រូវបណ្ដាសាដោយសារបាបមកលើផែនដី ការខាងក្រោមនេះគឺជាការពិតៈ ១) ព្រះជាម្ចាស់បង្កើតមនុស្សឱ្យរស់នៅជាមួយគ្នា (លោកុប្បត្តិ ២:១៨-២៥); ២) ព្រះជាម្ចាស់បានប្រទានការងារដល់មនុស្ស (លោកុប្បត្តិ ២:១៥); ៣) ព្រះជាម្ចាស់បានប្រកបជាមួយមនុស្ស (លោកុប្បត្តិ ៣:៨; និង ៤) ព្រះជាម្ចាស់ប្រទានឱ្យមនុស្សដើម្បីគ្រប់គ្រងផែនដី (លោកុប្បត្តិ ១:២៦)។ សេចក្តីពិតទាំងនេះ មានភាពសំខាន់ទាក់ទងនឹងអត្ថន័យនៃជីវិត។ ព្រះជាម្ចាស់ចង់ឱ្យមនុស្សបានសម្រេចនៅក្នុងជីវិត ប៉ុន្តែ សភាពរបស់យើងបានទទួលរងការប៉ះពាល់ដោយសារការធ្លាក់ចុះទៅក្នុងអំពើបាប ហើយជាលទ្ធផល បណ្ដាសាធ្លាក់លើផែនដីដែរ (ជាពិសេសប៉ះពាល់ទំនាក់ទំនងជាមួយព្រះជាម្ចាស់)។
កណ្ឌគម្ពីរវិរវណៈបង្ហាញថា ព្រះជាម្ចាស់ជាព្រះទ័យទុកដាក់ជាមួយនឹងការស្តារអត្ថន័យនៃជីវិតឡើងវិញដល់យើង។ ព្រះជាម្ចាស់បង្ហាញថា ព្រះអង្គនឹងបំផ្លាញសត្តនិករនាពេលបច្ចុប្បន្ននេះ ហើយនឹងបង្កើតស្ថានសួគ៌ និងផែនដីថ្មី។ នៅពេលនោះ ព្រះអង្គនឹងស្តារទំនាក់ទំនងជាមួយមនុស្សដោយប្រោសលោះមនុស្សឡើងវិញ ហើយអ្នកដែលមិនបានប្រោសលោះនឹងត្រូវជំនុំជម្រះ ហើយបោះទៅបឹងភ្លើង (វិវរណៈ ២០:១១-១៥)។ បណ្ដាសានៃអំពើបាបនឹងត្រូវបានបញ្ចប់ នឹងលែងមានបាប ទុក្ខសោក ជំងឺរោគា សេចក្តីស្លាប់ និងការឈឺចាប់ទៀត (វិវរណៈ ២១:៤)។ ព្រះជាម្ចាស់នឹងគង់នៅជាមួយមនុស្ស ហើយពួកគេនឹងបានត្រឡប់ជាបុត្រធីតារបស់ទ្រង់ (វិវរណៈ ២១:៧)។ ដូច្នេះហើយ យើងបានសេចក្តីពោរពេញៈ ព្រះជាម្ចាស់បានបង្កើតយើងមកដើម្បីប្រកបជាមួយទ្រង់ អំពើបាបរបស់មនុស្ស បានបំបាក់បំបែកទំនាក់ទំនងនោះ ព្រះជាម្ចាស់បានស្តារទំនាក់ទំនងនោះឱ្យបានពេញលេញឡើងវិញនៅអស់កល្បជានិច្ច! ការរស់នៅក្នុងជីវិតដែលបានសម្រេចគ្រប់យ៉ាងដែលយើងបាន កំណត់ តែបែរជាស្លាប់ដោយបែកចេញព្រះដ៏នូវអស់កល្បជានិច្ច វាអាក្រក់ជាងភាពឥតប្រយោជន៍ទៅទៀត! ប៉ុន្តែ ព្រះជាម្ចាស់បានរៀបចំផ្លូវមិនគ្រាន់តែឱ្យអាចមានជីវិតដែលមានសុភមង្គលប៉ុណ្ណោះទេ (លូកា ២៣:៤៣) ព្រះអង្គថែម ទាំងបំពេញដល់ជីវិតនៅលើផែនដីឱ្យបានស្កប់ស្កល់ និងមានន័យ ផងដែរ។ តើធ្វើដូចម្តេចដើម្បីឱ្យបានជីវិតដែលមានសុភមង្គល និង «ស្ថានសួគ៌នៅលើផែនដី» នេះ?
អត្ថន័យជីវិតដែលបានស្តារតាមរយៈព្រះយេស៊ូវគ្រីស្ទ
អត្ថន័យនៃជីវិតដ៏ពិត គឺទាំងឥឡូវនេះ និងពេលអស់កល្បជានិច្ច ត្រូវបានរកឃើញនៅក្នុងការស្តារទំនាក់ទំនងរបស់យើងឡើងវិញ ជាមួយព្រះជាម្ចាស់។ ការស្តារឡើងវិញនេះគឺអាចទៅបានដោយ សារបុត្រារបស់ព្រះជាម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែលផ្សះផ្សាយើង ជាមួយព្រះជាម្ចាស់ (រ៉ូម ៥:១០; កិច្ចការ ៤:១២; យ៉ូហាន ១:១២; ១៤:៦)។ សេចក្តីសង្គ្រោះ និងជីវិតអស់កល្បជានិច្ច បាន ទទួលបាននៅពេលយើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជា ព្រះអង្គ សង្គ្រោះ។ មនុស្សដែលបានសេចក្តីសង្គ្រោះគឺទទួលបានដោយ សារព្រះគុណ តាមរយៈជំនឿ ព្រះគ្រីស្ទបានធ្វើឱ្យយើងបានកើត ជាថ្មី ហើយយើងចាប់ផ្តើមដើរ និងលូតលាស់ជិតស្និទ្ធជាមួយ ព្រះអង្គ ហើយរៀនក្នុងការទុកចិត្តលើព្រះអង្គ។
ព្រះជាម្ចាស់ចង់ឱ្យយើងដឹងពីអត្ថន័យនៃជីវិត។ ព្រះយេស៊ូវមាន បន្ទូលថា៖ «…តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង» (យ៉ូហាន ១០:១០)។ ជីវិត «ពេញបរិបូរ» ដែលសមហេតុផលសម្រាប់មនុស្សនោះគឺជីវិត មានន័យ និងគ្មានការខ្វល់ខ្វាយអ្វីទាំងអស់។
អត្ថន័យនៃជីវិតគឺលាក់ក្នុងសិរីល្អរបស់ព្រះជាម្ចាស់។ នៅក្នុងការ ត្រាស់ហៅ អ្នកដែលព្រះអង្គជ្រើសរើស ទ្រង់មានបន្ទូលថា៖ «គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសម្រាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង» (អេសាយ ៤៣:៧)។ ហេតុផលដែល ព្រះជាម្ចាស់បង្កើតយើងមកគឺដើម្បីជាសិរីល្អរបស់ព្រះជាម្ចាស់។ នៅពេលណាយើងជំនួសសិរីល្អរបស់ព្រះមកយើងវិញ យើងនឹងបាត់អត្ថន័យនៃជីវិត។ «រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ» (ម៉ាថាយ ១៦:២៤-២៥)។ «ចូរយកព្រះ យេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត» (ទំនុកតម្កើង ៣៧:៤)។
English
តើអ្វីទៅជាអត្ថន័យនៃជីវិត?