settings icon
share icon
សំណួរ

តើល្បែងស៊ីសងជាអំពើបាបដែរឬទេ? តើព្រះគម្ពីរចែងអំពីល្បែងស៊ីសងដូចម្តេច?

ចម្លើយ


ព្រះគម្ពីរមិនបានដាក់ទោសការលេងល្បែងស៊ីសង លេងល្បែងភ្នាល់គ្នា ឬលេងឆ្នោតនោះទេ។ ប៉ុន្តែ ព្រះគម្ពីរបានដាស់តឿនយើង ឱ្យចេញឆ្ងាយពីការស្រឡាញ់ប្រាក់ (១ ធីម៉ូថេ ៦:១០; ហេព្រើរ ១៣:៥)។ បទគម្ពីរក៏បានលើកទឹកចិត្តយើងផងដែរ ឱ្យចេញឆ្ងាយពី «ការចង់មានចង់បានលឿនពេក» (សុភាសិត ១៣:១១; ២៣:៥; សាស្តា ៥:១០)។ ប្រាកដណាស់ ការលេងល្បែងស៊ីសង ភាគច្រើនបំផុតគឺផ្តោតលើការស្រឡាញ់ប្រាក់ និងជាសេចក្តីដែលល្បួងមនុស្សជាមួយនឹងសេចក្តីសន្យានៃការមានលឿន និងងាយស្រួល។

តើមានអ្វីខុសឆ្គងជាមួយនឹងការលេងល្បែងស៊ីសង? ការលេងល្បែងស៊ីសងគឺជាបញ្ហាលំបាកមួយ ពីព្រោះប្រសិនបើវាធ្វើឡើងនៅក្នុងការចេះប្រមាណ ហើយគ្រាន់តែជាឱកាសពិសេសណាមួយ វាគឺជាការខ្ជះខ្ជាយប្រាក់ ប៉ុន្តែវាមិនឈានទៅដល់ការអាក្រក់ទេ។ មនុស្សបានខ្ជះខ្ជាយប្រាក់ជាច្រើនទៅលើសកម្មភាពគ្រប់ប្រភេទ។ ការលេងល្បែងស៊ីសងមិនខុសពីការខ្ជះខ្ជាយប្រាក់លើ ការមើលខ្សែភាពយន្តទេ (ក្នុងករណីជាច្រើន) ដូចជា ការបរិភោគអាហារថ្លៃៗដែលមិនចាំបាច់ ឬទិញរបស់ឥតប្រយោជន៍ជាដើម។ ទន្ទឹមគ្នានេះ ការពិត ការខ្ជះខ្ជាយប្រាក់ទៅលើអ្វីផ្សេងទៀត ក៏មិនខុសពីការលេងល្បែងស៊ីសងដែរ។ មិនត្រូវខ្ជះខ្ជាយប្រាក់ឡើយ។ គួរសន្សំប្រាក់សម្រាប់សេចក្តីត្រូវការនាពេលអនាគត ឬថ្វាយទៅដល់កិច្ចការរបស់ព្រះជាម្ចាស់ មិនមែនខ្ជះខ្ជាយលើការលេងល្បែងស៊ីសងហួសហេតុនោះទេ។

ចំណែកព្រះគម្ពីរមិនបាននិយាយជាក់លាក់អំពីការលេងល្បែងស៊ីសងឡើយ តែបាននិយាយអំពីព្រឹត្តការណ៍នៃ «សំណាង» ឬ «ឱកាស»។ ឧទាហរណ៍ ការចាប់ឆ្នោតត្រូវបានប្រើនៅក្នុងលេវីវិន័យ ដើម្បីជ្រើសរើសរវាងពពែមួយថ្វាយជាយញ្ញបូជា ហើយពពែមួយទៀតសម្រាប់បំបរ‌បង់។ លោកយ៉ូស្វេបានចាប់ឆ្នោត ដើម្បីសម្រេចការបែងចែកទឹកដល់កុលសម្ព័ន្ធផ្សេងៗ។ លោកនេហេមាចាប់ឆ្នោតដើម្បីសម្រេចថាអ្នកណារស់នៅខាងក្នុងជញ្ជាំងក្រុងយេរូសាឡិម។ ពួកសាវ័កចាប់ឆ្នោត ដើម្បីសម្រេចយកលោកយូដាសជំនួសវិញ។ សុភាសិត ១៦:៣៣ ចែងថា៖ «មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះ‌យេហូវ៉ាទេ»។

តើព្រះគម្ពីរចែងអំពីកាស៊ីណូ និងការចាក់ឆ្នោតដូចម្តេច? កាស៊ីណូបានប្រើផែនការទីផ្សាដើម្បីល្បួងអ្នកលេងល្បែងឱ្យប្រថុយចាយប្រាក់យ៉ាងច្រើនតាមដែលអាចធ្វើបាន។ ជាញឹកញាប់ពួកគេបានផ្តល់ឱ្យនូវរបស់ថោកៗ ឬសូម្បីស្រាឥតបង់ថ្លៃ ដើម្បីលើកទឹកចិត្តអ្នកស្រវឹងស្រា និងកាត់បន្ថយសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយប្រាជ្ញា។ គ្រប់យ៉ាងនៅក្នុងការស៊ីណូត្រូវបានបន្លំយ៉ាងល្អឥតខ្ចោះ ដើម្បីស្រូវយកប្រាក់ជាច្រើន ហើយមិនបានទទួលអ្វីត្រឡប់មកវិញទេ។ ក្រៅពីបានភាពរីករាយតែមួយភ្លេត ហើយបាត់ទៅវិញ។ ឆ្នោតព្យាយាមចង់បង្ហាញខ្លួនឯងដូចជាអ្នកផ្តល់ការសិក្សា និង កម្មវិធីសង្គម។ ប៉ុន្តែ តាមរយៈការស្រាវជ្រាវបង្ហាញថាអ្នកចូលរួមលេងឆ្នោតជាធម្មតាគឺអស់អ្នកដែលមិនសូវមានលទ្ធភាពក្នុងការចំណាយប្រាក់លើសំបុត្រឆ្នោតនោះទេ។ នុយនៃ «ការមានបានលឿន» ជាសេចក្តីល្បួងធំណាស់ ហើយពិបាកយកឈ្នះដល់អស់អ្នកដែលចង់បានវា។ ឱកាសនៃការឈ្នះមានតិចតួចណាស់ ដែលជាលទ្ធផលនាំឱ្យជីវិតរបស់មនុស្សជាច្រើនត្រូវបានបំផ្លាញ។

តើល្បែងឡូតូ/ឆ្នោតគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរឬទេ? មានមនុស្សជាច្រើនអះអាងថា ការលេងឆ្នោត ឬលេងល្បែងស៊ីសង ដើម្បីឱ្យពួកគេអាចមានលុយថ្វាយដល់ពួកជំនុំ ឬ ដល់អ្វីផ្សេងទៀតដែលមានប្រយោជន៍។ ដែលនេះអាចជាការជំរុញចិត្តដែលល្អ តែការពិតមានមនុស្សតិចណាស់ដែលឈ្នះល្បែងដើម្បីធ្វើការល្អនោះ។ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកលេងឆ្នោតដែលឈ្នះភាគច្រើនលើសលប់គឺមានបញ្ហាថវិការឹតតែខ្លាំងជាងពីមុនទៀត បន្ទាប់ពីពីរបីឆ្នាំក្រោយដែលបានឈ្នះឆ្នោតនោះមក។ ប្រសិនបើគេឈ្នះ មានតិចណាស់ គេប្រើលុយសម្រាប់ធ្វើការល្អនោះ។ លើសពីនេះ ព្រះជាម្ចាស់មិនត្រូវការលុយរបស់យើងដើម្បីផ្តត់ផ្គង់បេសកកម្មរបស់ទ្រង់នៅក្នុងពិភពលោកទេ។ សុភាសិត ១៣:១១ ចែងថា៖ «ទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បី នោះនឹងខ្ជះ‌ខ្ជាយទៅ តែអ្នកណាដែលសន្សំដោយប្រឹង‌ប្រែងនោះនឹងបានចម្រើនកើនឡើង»។ ព្រះជាម្ចាស់ជាព្រះដ៏ឧត្តមបំផុត ព្រះអង្គនឹងផ្គត់ផ្គង់នូវសេចក្តីត្រូវការរបស់ពួកជំនុំ តាមរយៈមធ្យោបាយស្មោះត្រង់។ តើព្រះជាម្ចាស់អាចទទួលកិតិយសដោយសារទទួលតង្វាយពីប្រាក់ដែលលក់គ្រឿងញៀន ឬប្រាក់ដែលបានមកពីការប្លន់ធនាគារដែរឬ? ប្រាកដណាស់ មិនអាចទេ។ ហើយព្រះជាម្ចាស់ក៏មិនចង់បានលុយដែលបានមកដោយសារ «លួច» ពីអ្នកក្រដោយល្បួងថាគេនឹងមានបាននោះដែរ។

១ ធីម៉ូថេ ៦:១០ បានប្រាប់យើងថា៖ «ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួង‌លោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។ ហេព្រើរ ១៣:៥ ប្រកាសថា «ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះ‌បន្ទូលថា៖ «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ម៉ាថាយ ៦:២៤ ប្រកាសថា៖ «គ្មានអ្នកណាអាចនឹងបម្រើចៅ‌ហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះ‌ត្រង់នឹង១ ហើយមើល‌ងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យ‌សម្បត្តិផងបានទេ»។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើល្បែងស៊ីសងជាអំពើបាបដែរឬទេ? តើព្រះគម្ពីរចែងអំពីល្បែងស៊ីសងដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries