settings icon
share icon
សំណួរ

តើច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺជាអ្វី?

ចម្លើយ


ច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺជារបៀបនៃការចែកចាយដំណឹងល្អនៃសេចក្តីសង្គ្រោះដែលមានតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ។ វាគឺជាវិធីសាមញ្ញនៃការរៀបចំព័ត៌មានសំខាន់នៅក្នុងដំណឹងល្អទៅជាបួនចំណុច។

ច្បាប់ទីមួយនៃច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺ «ព្រះស្រឡាញ់អ្នក ហើយមានផែនការល្អសម្រាប់ជីវិតរបស់អ្នក»។ យ៉ូហាន ៣:១៦ ប្រាប់យើងថា៖ «ដ្បិតព្រះ‌ទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះ‌រាជ‌បុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះ‌រាជ‌បុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្ប‌ជានិច្ចវិញ»។ យ៉ូហាន ១០:១០ បានផ្តល់ហេតុផលដែលព្រះយេស៊ូវយាងមក «ឯចោរ វាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង»។ តើអ្វីរារាំងយើងពីសេចក្តីស្រឡាញ់របស់ព្រះ? តើអ្វីកំពុងតែរារាំងយើងពីការមានជីវិតពេញបរិបូរ?

ច្បាប់ទីពីរនៃច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺ «មនុស្សជាតិប្រឡាក់ដោយបាប ហេតុនេះហើយបានជាដាច់ចេញពីព្រះ។ ជាលទ្ធផល យើងមិនអាចដឹងពីផែនការដ៏ល្អរបស់ព្រះសម្រាប់ជីវិតរបស់យើង»។ កណ្ឌគម្ពីររ៉ូម ៣:២៣ បញ្ជាក់ព័ត៌មាននេះថា «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរី‌ល្អនៃព្រះ»។ កណ្ឌគម្ពីររ៉ូម ៦:២៣ បានប្រាប់យើងពីលទ្ធផលនៃ អំពើបាបថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ …»។ ព្រះបានបង្កើតយើងមកដើម្បីមានទំនាក់ទំនងជាមួយព្រះអង្គ។ ប៉ុន្តែ មនុស្សជាតិបាននាំបាបចូលមកក្នុងពិភពលោកនេះ ហេតុនេះហើយបានជាត្រូវញែកដាច់ចេញពីព្រះ។ ព្រះគាប់ព្រះហឫទ័យឱ្យយើងមានទំនាក់ទំនងជាមួយព្រះអង្គ តែយើងបានកាត់ផ្ដាច់វា។ តើអ្វីទៅជាដំណោះស្រាយ?

ច្បាប់ទីបីនៃច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺ «ព្រះយេស៊ូវគ្រីស្ទគឺជាព្រះតែមួយអង្គគត់ដែលអាចរៀបចំសម្រាប់បាបរបស់យើងបាន។ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលការអត់ទោសបាប និងស្តារទំនាក់ទំនងជាមួយព្រះវិញបាន»។ កណ្ឌគម្ពីររ៉ូម ៥:៨ ប្រាប់យើងថា «តែឯព្រះ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះ‌គ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ ១ កូរិនថូស ១៥:៣-៤ បានបញ្ជាក់ពីអ្វីដែលយើងត្រូវដឹង ហើយជឿ ដើម្បីឱ្យបានសង្គ្រោះ «គឺថាព្រះ‌គ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះ‌ជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ…»។ ព្រះយេស៊ូវទ្រង់ផ្ទាល់បានប្រកាសថា ទ្រង់គឺជាផ្លូវតែមួយគត់នៃសេចក្តីសង្គ្រោះ នៅក្នុងយ៉ូហាន ១៤:៦ «ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះ‌វរ‌បិតាបានឡើយ»។ តើខ្ញុំអាចទទួលអំណោយនៃសេចក្តីសង្គ្រោះនេះបានដោយរបៀបណា?

ច្បាប់ទីបួននៃច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺ «យើងត្រូវដាក់ជំនឿរបស់យើងលើព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដើម្បីទទួលអំណោយនៃសេចក្តីសង្គ្រោះ និងស្គាល់ពីផែនការដ៏ល្អរបស់ព្រះសម្រាប់ជីវិតរបស់យើង»។ យ៉ូហាន ១:១២ បានពណ៌នាការនេះដល់យើង «ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះ‌នាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ»។ កិច្ចការ ១៦:៣១ បានចែងយ៉ាងច្បាស់ថា «…ចូរជឿដល់ព្រះ‌អម្ចាស់យេស៊ូវ‌គ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ…»។ យើងអាចបានសង្គ្រោះដោយសារព្រះគុណតែមួយគត់ តាមរយៈជំនឿតែមួយគត់ ក្នុងព្រះយេស៊ូវគ្រីស្ទតែមួយគត់ (អេភេសូរ ២:៨-៩)។

ប្រសិនបើ អ្នកចង់ទុកចិត្តលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់អ្នក ចូរនិយាយពាក្យទាំងនេះទៅកាន់ព្រះ។ ការនិយាយពាក្យទាំងនេះ មិនអាចជួយសង្គ្រោះអ្នកបានទេ ប៉ុន្តែ ការរទុកលើព្រះគ្រីស្ទទៅវិញទេ ទើបបានសង្គ្រោះ! សេចក្តីអធិស្ឋាននេះ គឺជារបៀបសាមញ្ញមួយ ដើម្បីបង្ហាញទៅព្រះ ពីជំនឿរបស់អ្នកនៅលើទ្រង់ ហើយអរគុណទ្រង់ដែលបានប្រទានសេចក្តីសង្គ្រោះដល់អ្នក។ «ព្រះអង្គអើយ ទូលបង្គំដឹងថា ទូលបង្គំបានធ្វើបាបទាស់នឹងព្រះអង្គ ហើយសមនឹងទទួលទោស។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទបានទទួលទោសដែលទូលបង្គំសមនឹងទទួល ដើម្បីឱ្យទូលបង្គំអាចទទួលបានការអត់ទោស តាមរយៈជំនឿលើព្រះអង្គ។ ទូលបង្គំដាក់ការទុកចិត្តលើទ្រង់ចំពោះសេចក្តីសង្គ្រោះ។ អរគុណព្រះអង្គ សម្រាប់ព្រះគុណ និងការអត់ទោសដ៏អស្ចារ្យនេះ គឺអំណោយទាននៃជីវិតអស់កល្ប! អាមែន!»

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើច្បាប់ខាងវិញ្ញាណទាំងបួនប្រការគឺជាអ្វី?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries