សំណួរ
តើព្រះជាម្ចាស់មានលក្ខណសម្បត្តិអ្វីមានខ្លះ? តើព្រះជាម្ចាស់មានលក្ខណៈដូចម្តេច?
ចម្លើយ
ដំណឹងល្អមួយ ក្នុងកាលដែលយើងព្យាយាមឆ្លើយនឹងសំណួរនេះ គឺមានការជាច្រើនដែលយើងអាចរកឃើញទាក់ទងជាមួយនឹងព្រះជាម្ចាស់! អស់អ្នកដែលសិក្សាការពន្យល់នេះ នឹងរកឃើញតាមរយៈការអានវាទាំងស្រុង បន្ទាប់មក ត្រឡប់ទៅ ហើយស្វែករកបទគម្ពីរផ្សេងទៀតដើម្បីបញ្ជាក់បន្ថែម។ បទគម្ពីរអំណះអំណាងពិតជាចាំបាច់ណាស់ ដ្បិត ប្រសិនបើគ្មានសិទ្ធិអំណាចនៃព្រះគម្ពីរទេ ពាក្យដែលបានជ្រើសរើសនេះ អាចមិនប្រសើរជាងគំនិតរបស់មនុស្សទេ ដោយសារការនេះ ជាញយដង វាខុសពីព្រះតម្រិះរបស់ព្រះជាម្ចាស់ (យ៉ូប ៤២:៧)។ និយាយទៅ វាសំខាន់សម្រាប់យើងក្នុងការព្យាយាមយល់ថា អ្វីទៅជាលក្ខណៈរបស់ព្រះជាម្ចាស់ គឺជារឿងមួយដែលធំហួសពីការយល់ដឹង! បរាជ័យក្នុងការធ្វើដូច្នោះ នឹងធ្វើឱ្យយើងរៀបចំ ដេញតាម និងថ្វាយបង្គំព្រះក្លែងក្លាយ ផ្ទុយពីព្រះហឫទ័យរបស់ទ្រង់ (និក្ខមនំ ២០:៣-៥)។
មានតែអ្វីដែលព្រះជាម្ចាស់បានជ្រើសរើសនឹងបង្ហាញពីអង្គទ្រង់ទេ ទើបអាចដឹងបាន។ លក្ខណសម្បត្តិ ឬគុណសម្បត្តិរបស់ព្រះជាម្ចាស់មួយគឺជា «ពន្លឺ» មានន័យថា ព្រះបង្ហាញអង្គទ្រង់ជាព័ត៌មានពីទ្រង់ (អេសាយ ៦០:១៩, យ៉ាកុប ១:១៧)។ វាជាការពិតដែលព្រះជាម្ចាស់បានបង្ហាញពីព្រះតម្រិះរបស់ទ្រង់ ដែលមិនអាចធ្វេសប្រហែសបាន ក្រែងលោ យើងណាម្នាក់មិនអាចចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់ (ហេព្រើរ ៤:១)។ ការបង្កបង្កើត ព្រះគមី្ពរ និងព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាម (ព្រះយេស៊ូវគ្រីស្ទ) នឹងជួយយើងឱ្យដឹងថាព្រះជាម្ចាស់មានលក្ខណៈដូចម្តេច។
ចូរយើងចាប់ផ្តើមដោយការយល់ថា ព្រះជាម្ចាស់ជាព្រះជាម្ចាស់ជា អ្នកបង្កើតយើង ហើយដឹងថា យើងគឺជាចំណែកមួយនៃការបង្កបង្កើតរបស់ទ្រង់ (លោកុប្បត្តិ ១:១; ទំនុកតម្កើង ២៤:១)។ ព្រះជាម្ចាស់មានបន្ទូលថា មនុស្សត្រូវបានបង្កើតមកឱ្យមានលក្ខណៈដូចរូបអង្គទ្រង់។ មនុស្សមានលក្ខណៈវិសេសជាងអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើត ហើយព្រះអង្គបានប្រទានអំណាចឱ្យគ្រប់ គ្រងលើអ្វីៗទាំងអស់ (លោកុប្បត្តិ ១:២៦-២៨)។ សត្តនិករត្រូវបានបំផ្លាញដោយសារ «ធ្លាក់ចុះ» ប៉ុន្តែ នៅតែបង្ហាញឱ្យឃើញពីកិច្ចការរបស់ទ្រង់ (លោកុប្បត្តិ ៣:១៧-១៨; រ៉ូម ១:១៩-២០)។ ដោយសារការពិចារណាពីការបង្កបង្កើតយ៉ាងអស្ចារ្យ ស្មុគស្មាញ ស្រស់ស្អាត និងដើម្បីយើងអាចមានអារម្មណ៍ថាព្រះអស្ចារ្យណាស់។
ការអានពីព្រះនាមខ្លះៗរបស់ព្រះជាម្ចាស់ អាចជួយដល់ការសិក្សា របស់យើងថាតើព្រះមានលក្ខណៈដូចម្តេច។ ព្រះនាម មានដូចខាងក្រោមនេះ៖
អេឡូហ៊ីម - ព្រះដ៏ខ្លាំងពូកែ ភាពជាព្រះ (លោកុប្បត្តិ ១:១)
អាដូណាយ - ព្រះអម្ចាស់ បង្ហាញពីទំនាក់ទំនងរបស់ចៅហ្វាយទៅកាន់អ្នកបម្រើ (និក្ខមនំ ៤:១០-១៣)
អែល អែលលីយ៉ូន - ព្រះដ៏ខ្ពស់បំផុត ព្រះដ៏ខ្លាំងពូកែបំផុត (លោកុប្បត្តិ ១៤:២០)
អែលរ៉ូអ៊ី - ព្រះដ៏ខ្លាំងពូកែដែលទតឃើញ (លោកុប្បត្តិ ១៦:១៣)
អែលសាដាយ - ព្រះដ៏មានគ្រប់ព្រះចេស្តា (លោកុប្បត្តិ ១៧:១)
អែលអូឡាំ - ព្រះដ៏គង់នៅអស់កល្បជានិច្ច (អេសាយ ៤០:២៨)
ព្រះយេហូវ៉ា់ - ព្រះអម្ចាស់ «អញជាព្រះដ៏ជាព្រះ» (និក្ខមនំ ៣:១៣-១៤)។
ឥឡូវនេះ យើងនឹងសិក្សាពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់បន្តទៀតៈ ព្រះដ៏នូវអស់កល្ប មានន័យថា ព្រះអង្គគ្មានទីចាប់ផ្តើម ហើយព្រះមាននៅគ្មានទីបញ្ចប់។ ព្រះអង្គអមតៈ និរន្តរ៍ (ចោទិយកថា ៣៣:២៧; ទំនុកតម្កើង ៩០:២; ១ ធីម៉ូថេ ១:១៧)។ ព្រះដែលមិនចេះប្រែប្រួល មានន័យថា ព្រះអង្គមិនអាចផ្លាស់ប្តូរបាន នេះមានន័យថា ព្រះជាម្ចាស់ពិតជាអាចទុកចិត្ត និងគួរឱ្យទុកចិត្តបាន (ម៉ាឡាគី ៣:៦; ជនគណនា ២៣:១៩; ទំនុកតម្កើង ១០២:២៦,២៧)។ ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមបាន មានន័យថា គ្មាននរណាដូចព្រះអង្គឡើយ ទោះបីជាការងារ ឬភាពជាព្រះ គ្មាននរណាស្មើ និងគ្រប់លក្ខណ៍ដូចទ្រង់ឡើយ (២ សាំយ៉ូអែល ៧:២២; ទំនុកតម្កើង ៨៦:៨; អេសាយ ៤០:២៥; ម៉ាថាយ ៥:៤៨)។ ព្រះជាម្ចាស់មិនអាចស្ទង់យល់បានទេ មានន័យថា ព្រះអង្គមិនអាចយល់បាន មិនអាចស្វែងយល់បានទេ គ្មាននរណាអាចស្វែងយល់ពីព្រះតម្រិះរបស់ព្រះអង្គបានឡើយ (អេសាយ ៤០:២៨; ទំនុកតម្កើង ១៤៥:៣; រ៉ូម ១១:៣៣,៣៤)។
ព្រះអង្គយុត្តិធម៌ មានន័យថា ព្រះអង្គមិនយល់មុខនរណាឡើយ នៅក្នុងន័យដែលបង្ហាញថា មិនរើសមុខ។ (ចោទិយកថា ៣២:៤; ទំនុកតម្កើង ១៨:៣០)។ ព្រះអង្គដែលប្រកបដោយសព្វានុភាព មានន័យថា ព្រះមានគ្រប់ទាំងព្រះចេស្តា ព្រះអង្គអាចធ្វើអ្វីៗគ្រប់យ៉ាង ដែលគាប់ព្រះហឫទ័យទ្រង់ ប៉ុន្តែ កិច្ចការរបស់ព្រះអង្គតែង តែស្របតាមចរិតលក្ខណៈរបស់ព្រះអង្គទាំងអស់ (វិវរណៈ ១៩:៦; យេរេមា ៣២:១៧,២៧)។ ព្រះអង្គសព្វវត្ដមាន មានន័យ ថាព្រះអង្គមានវត្តមានជានិច្ច គង់នៅគ្រប់កន្លែង នេះមិនមែនមានន័យថាព្រះអង្គជាអ្វីៗទាំងនោះទេ (ទំនុកតម្កើង ១៣៩:៧-១៣; យេរេមា ២៣:២៣)។ ព្រះអង្គជាព្រះសព្វញ្ញុតញាណ មានន័យថា ព្រះអង្គជ្រាប ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល សូម្បីតែអ្វីដែលយើងគិតនៅពេលណាក្តី ព្រះអង្គជ្រាបគ្រប់យ៉ាង ព្រះអង្គគ្រប់គ្រងដោយយុត្តិធម៌ជានិច្ច (ទំនុកតម្កើង ១៣៩:១-៥; សុភាសិត ៥:២១)។
ព្រះអង្គជាព្រះតែមួយគត់ មានន័យថា គ្មានព្រះណាផ្សេងទៀតទេ ប៉ុន្តែ មានតែព្រះអង្គតែមួយគត់ជាព្រះដែលអាចបំពេញសេចក្តីត្រូវការ និងសេចក្តីប៉ងប្រាថ្នារបស់ចិត្ត ហើយព្រះអង្គតែមួយគត់ ដែលសមនឹងទទួលការថ្វាយបង្គំ និងការគោរពប្រតិបត្តិរបស់យើង (ចោទិយកថា ៦:៤)។ ព្រះអង្គសុចរិត មានន័យថាព្រះអង្គ មិនអាច ហើយមិនទតរំលងការប្រព្រឹត្តខុសឡើយ ដោយសារសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌របស់ព្រះអង្គ ដើម្បីឱ្យបាបយើងបានអត់ ទោស ព្រះយេស៊ូវបានទទួលការជំនុំជម្រះរបស់ព្រះជាម្ចាស់ នៅពេលបាបរបស់យើងបានដាក់នៅលើអង្គទ្រង់ (និក្ខមនំ ៩:២៧; ម៉ាថាយ ២៧:៤៥-៤៦; រ៉ូម ៣:២១-២៦)
ព្រះអង្គជាព្រះដ៏ឧត្តមបំផុត មានន័យថា ព្រះអង្គជាព្រះដ៏ធំមហិមា ព្រះអង្គបានដាក់អ្វីដែលព្រះអង្គបង្កើតជាមួយគ្នា ទោះបើដឹង ឬមិនដឹងក្តី មិនអាចប្រឆាំងនឹងគោលបំណងរបស់ទ្រង់បានទេ (ទំនុកតម្កើង ៩៣:១; ៩៥:៣; យេរេមា ២៣:២០)។ ព្រះអង្គជាវិញ្ញាណ មាននន័យថា ព្រះអង្គជាព្រះដែលយើងមើលមិនឃើញ (យ៉ូហាន ១:១៨; ៤:២៤)។ ព្រះអង្គជាព្រះត្រៃឯក មានន័យថា ព្រះអង្គជាព្រះបីអង្គរួមមកតែមួយ មានភាពជាព្រះ ដូចគ្នា មានអំណាចស្មើគ្នា និងមានសិរីល្អដូចគ្នា។ ចូរចាំថា នៅក្នុង ខគម្ពីរដំបូងបានរៀបរាប់ «ព្រះនាម» ជាឯកវចនៈ ទោះបីជាសំដៅលើព្រះបីអង្គផ្សេងគ្នាគឺ «ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ» (ម៉ាថាយ ២៨:១៩; ម៉ាកុស ១:៩-១១)។ ព្រះអង្គជាសេចក្តីពិត មានន័យថា ព្រះអង្គយល់ព្រមជាមួយនឹងអ្វីដែលជាលក្ខណៈរបស់ព្រះអង្គ ព្រះអង្គស្ថិតស្ថេរនៅជាដរាប និងមិនចេះកុហកឡើយ (ទំនុកតម្កើង ១១៧:២; ១ សាំយ៉ូអែល ១៥:២៩)។
ព្រះអង្គបរិសុទ្ធ មានន័យថា ព្រះអង្គប្រាសចាកអំពើអសីលធម៌គ្រប់យ៉ាង ហើយប្រឆាំងជាមួយវាជានិច្ច។ ព្រះអង្គទតឃើញអំពើអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គមានសេចក្តីក្រោធជាមួយនឹងពួកវា ភ្លើងជាញយដងបានលើកឡើងនៅក្នុងបទគម្ពីរជាមួយនឹងភាពបរិសុទ្ធ។ ព្រះជាម្ចាស់សំដៅលើសេចក្តីក្រោធប្រៀបដូចជាភ្លើងដែលកំពុងឆេះដែរ (អេសាយ ៦:៣; ហាបាគុក ១:១៣; និក្ខមនំ ៣:២,៤,៥; ហេព្រើរ ១២:២៩)។ ព្រះជាម្ចាស់ប្រកបដោយ ព្រះគុណ ការនេះបូករួមទាំងសេចក្តីល្អ សប្បុរស មេត្តានិងសេចក្តីស្រឡាញ់ គឺជាពាក្យដែលគ្រប់ដណ្តប់អត្ថន័យនៃសេចក្តីសប្បុរសរបស់ព្រះ។ ប្រសិនបើមិនមែនដោយព្រោះព្រះគុណទេ នោះលក្ខណ សម្បត្តិរបស់ព្រះទាំងអស់នឹងផ្តាច់យើងចេញពីទ្រង់។ អរគុណដល់ព្រះ នេះមិនមែនជាបញ្ហាទេ ព្រះជាម្ចាស់ចង់ស្គាល់យើងម្នាក់ៗដោយផ្ទាល់ (និក្ខមនំ ៣៤:៦; ទំនុកតម្កើង ៣១:១៩; ១ ពេត្រុស ១:៣; យ៉ូហាន ៣:១៦; យ៉ូហាន ១៧:៣)។
នេះគឺជាការព្យាយាមដ៏តូចមួយក្នុងការឆ្លើយចំពោះសំណួរដ៏ធំដែលទាក់ទងនឹងព្រះ។ សូមទទួលការលើកទឹកចិត្ត និងបន្តស្វែងរកព្រះអង្គ (យេរេមា ២៩:១៣)។
English
តើព្រះជាម្ចាស់មានលក្ខណសម្បត្តិអ្វីមានខ្លះ? តើព្រះជាម្ចាស់មានលក្ខណៈដូចម្តេច?