តើបុណ្យជ្រមុជទឹករបស់គ្រីស្ទបរិស័ទសំខាន់ដូចម្តេច?


សំណួរ: តើបុណ្យជ្រមុជទឹករបស់គ្រីស្ទបរិស័ទសំខាន់ដូចម្តេច?

ចម្លើយ:
បុណ្យជ្រមុជទឹកគឺជាពិធីបរិសុទ្ធមួយក្នុងចំណោមពិធីពីរ ដែលព្រះជាយេស៊ូវបានបង្កើតឡើងសម្រាប់ពួកជំនុំ។ មុនពេលព្រះអង្គយាងឡើងទៅស្ថានសួគ៌ ព្រះយេស៊ូវមានបន្ទូលថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជ‌ទឹកឲ្យ ដោយនូវព្រះ‌នាមព្រះ‌វរ‌បិតា ព្រះ‌រាជ‌បុត្រា និងព្រះ‌វិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨:១៩-២0)។ ការបង្គាប់ទាំងនេះបញ្ជាក់ថា ពួកជំនុំគឺជាអ្នកទទួលខុសត្រូវក្នុងការបង្រៀនព្រះបន្ទូលរបស់ព្រះយេស៊ូវ បញ្ចុះបញ្ចូលឱ្យមានសិស្ស ហើយធ្វើបុណ្យជ្រមុជទឹក។ ការទាំងនេះ ត្រូវធ្វើគ្រប់កន្លែងទាំងអស់ («គ្រប់ទាំងសាសន៍») រហូតដល់ «ចុងបំផុតនៃផែនដី»។ ដូច្នេះ គ្មានហេតុផលណាផ្សេងទៀតទេ ការធ្វើបុណ្យជ្រមុជទឹកគឺជារឿងសំខាន់ ព្រោះព្រះយេស៊ូវបានបង្គាប់ឱ្យធ្វើ។

បុណ្យជ្រមុជទឹកបានអនុវត្តមុនពេលពួកជំនុំបានកើតឡើង។ នៅសម័យជនជាតិយូដាបុរាណ គេជ្រមុជទឹកឱ្យអ្នកចូលកាន់សាសនាយូដា ដើម្បីធ្វើបន្ទាល់ថា ជាមនុស្សដែលបានប្រែចិត្តជឿ ឬ «បានស្អាត»។ លោកយ៉ូហានបាទីស្ទបានប្រើពិធីបុណ្យជ្រមុជទឹក ដើម្បីរៀបផ្លូវថ្វាយព្រះអម្ចាស់ តម្រូវសម្រាប់មនុស្សគ្រប់គ្នា មិនគ្រាន់តែសាសន៍ដទៃទេ ត្រូវធ្វើបុណ្យ ជ្រមុជទឹក ព្រោះមនុស្សគ្រប់គ្នា ចាំបាច់ត្រូវការកែប្រែចិត្តគំនិត។ ប៉ុន្តែ បុណ្យជ្រមុជរបស់លោកយ៉ូហាន បញ្ជាក់ពីការប្រែចិត្ត មិនដូចជាបុណ្យជ្រមុជរបស់គ្រីស្ទបរិស័ទទេ សូមមើលនៅក្នុង កិច្ចការ ១៨:២៤-២៦ និង ១៩:១-៧។ បុណ្យជ្រមុជទឹក របស់គ្រីស្ទបរិស័ទមានភាពសំខាន់ខ្លាំងជាងនោះ។

បុណ្យជ្រមុជទឹកត្រូវតែធ្វើនៅក្នុងនាមរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ នេះបានហៅថា បុណ្យជ្រមុជរបស់ «គ្រីស្ទបរិស័ទ»។ គឺតាមរយៈការបង្គាប់នេះដែលមនុស្សម្នាក់បានចូលទៅក្នុងការប្រកបរបស់ពួកជំនុំ។ នៅពេលដែលយើងបានសង្គ្រោះ យើងបាន «ជ្រមុជ» ដោយព្រះវិញ្ញាណទៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ ដែលជាពួកជំនុំ។ នៅក្នុង ១ កូរិនថូស ១២:១៣ ចែងថា៖ «ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបម្រើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូប‌កាយតែ១ ដោយ‌សារព្រះ‌វិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះ‌វិញ្ញាណតែ១ដែរ»។ បុណ្យជ្រមុជដោយទឹកគឺជា «ការកើតជាថ្មី» នៃការជ្រមុជដោយព្រះវិញ្ញាណ។

បុណ្យជ្រមុជទឹកគ្រីស្ទបរិស័ទគឺមានន័យថា មនុស្សម្នាក់ប្រកាសពីជំនឿរបស់ខ្លួននៅទីសាធារណៈ និងធ្វើជាសិស្ស។ នៅក្នុងបុណ្យជ្រមុជទឹក មនុស្សម្នាក់និយាយ ស្ងាត់ៗថា «ទូលបង្គំប្រកាសជំនឿលើព្រះគ្រីស្ទ ព្រះយេស៊ូវបានសំអាត ព្រលឹងទូលបង្គំពីបាប ហើយឥឡូវនេះ ទូលបង្គំមានជីវិតថ្មីនៃ ការញែកជាបរិសុទ្ធ»។

បុណ្យជ្រមុជទឹកគ្រីស្ទបរិស័ទគឺជារូបភាពបង្ហាញពីផែនការដ៏អស្ចារ្យ ពីការសុគត ការបញ្ចុះទៅក្នុងផ្នូរ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ទន្ទឹមគ្នានោះ វាក៏ជារូបភាពបង្ហាញពីការស្លាប់របស់យើងចំពោះអំពើបាប និងមានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ។ នៅពេលមនុស្សមានបាបប្រកាសថា ព្រះអម្ចាស់យេស៊ូវ ព្រះអង្គសុគតខាងឯបាប (រ៉ូម ៦:១១) ហើយបានរស់ឡើងវិញក្នុងជីវិតថ្មី (កូឡូស ២:១២)។ ការជ្រមុជចូលទៅក្នុងទឹកតំណាងឱ្យស្លាប់ខាងឯអំពើបាប ហើយងើបចេញពីទឹកមកវិញ តំណាងឱ្យបានស្អាត ជីវិតបរិសុទ្ធ ដែលដើរតាមសេចក្តីសង្គ្រោះ។ រ៉ូម ៦:៤ បានចែងដូច្នេះថា៖ «ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះ‌គ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយ‌សារសិរី‌ល្អ នៃព្រះ‌វរ‌ បិតាដែរ»។

ជាធម្មតា បុណ្យជ្រមុជទឹកគឺជាទីបន្ទាល់ផ្នែកខាងក្រៅនៃការផ្លាស់ប្តូរខាងក្នុងនៅក្នុងជីវិតរបស់អ្នកជឿ។ បុណ្យជ្រមុជទឹកគ្រីស្ទបរិស័ទគឺជាសម្មភាពនៃការស្តាប់បង្គាប់ចំពោះព្រះអម្ចាស់ បន្ទាប់ពីបានសង្គ្រោះ ទោះបីជាបុណ្យជ្រមុជទឹកមានទំនាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងសេចក្តីសង្គ្រោះក្តី វាមិនមែនជាសេចក្តីតម្រូវដើម្បីឱ្យបានសង្គ្រោះទេ។ ព្រះគម្ពីរបង្ហាញជាច្រើនកន្លែងជាលំដាប់គឺទី ១) មនុស្សម្នាក់ដែលជឿលើព្រះអម្ចាស់យេស៊ូវ ហើយទី ២) គាត់ត្រូវធ្វើបុណ្យជ្រមុជទឹក។ លំដាប់នេះគឺឃើញនៅក្នុង កិច្ចការ ២:៤១ «ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក[ពេត្រុស] ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ (RKOV16)»។ (ក៏មាននៅក្នុងកិច្ចការ ១៦:១៤-១៥) ដែរ។

អ្នកជឿថ្មីក្នុងព្រះយេស៊ូវគ្រីស្ទត្រូវមានដួងចិត្តក្នុងការធ្វើបុណ្យជ្រមុជទឹកលឿនតាមដែលអាចធ្វើបាន។ នៅក្នុងកណ្ឌគម្ពីរកិច្ចការ ៨ លោកភីលីពប្រាប់៖ «…ដំណឹងល្អពីព្រះ‌យេស៊ូវ» ដល់អ្នកកំរៀវ ហើយ កាលកំពុងតែទៅតាមផ្លូវ នោះពួកគេបានឃើញមានទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក។ តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជ‌ទឹកបាន?» (ខ ៣៥-៣៦)។ ភា្លមនោះ ពួកគេបានឈប់រទេះ ហើយលោកភីលីពបានជ្រមុជទឹកបុរសម្នាក់នោះ។

បុណ្យជ្រមុជទឹកគឺជារូបភាពនៃការបង្ហាញអត្តសញ្ញាណរបស់អ្នកជឿម្នាក់ជាមួយនឹងការសុគត ការបញ្ចុះទៅក្នុងផ្នូរ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ គ្រប់កន្លែងដែលប្រកាសដំណឹងល្អ គឺបាននាំមនុស្សមកកាន់ជំនឿលើព្រះគ្រីស្ទ ពួកគេត្រូវធ្វើបុណ្យជ្រមុជទឹក។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើបុណ្យជ្រមុជទឹករបស់គ្រីស្ទបរិស័ទសំខាន់ដូចម្តេច?